Home

Languages

hostgator domain coupon
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • THE SEAGATE SUITE

  • THE SEAGATE SUITE

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

វិហារ​អង់គ្លិនខិន នៃ​សាសនា​គ្រិស្ត​ដ៏ធំ​នៅ​តំបន់​បឹងកេងកង ១

ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ៥០០ ​ម៉ែត្រ​ពី​វិមានឯករាជ្យ​ក្នុង​សង្កាត់​បឹងកេងកង​ ១ ជា​ទី​ពេញនិយម​សម្រាប់​សំណង់​អគារ​ខុនដូ អាផាតម៉ិន និង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ជាច្រើន​ប្រភេទ​។ ទី​នោះ​ក៏​មាន​រំលេច​ដោយ​ស្ថាបត្យកម្ម​សំណង់​ដ៏ល្អ​ប្លែក​មួយ​គឺ​ព្រះវិហារ​គ្រិស្តសាសនា​នៃ​និកាយ​អង់គ្លិនខិន (Anglican Church of Christ Our Peace) ដ៏ធំ​សម្បើម​ត្រៀម​ខ្លួន​នឹង​បើក​ទ្វារ​ទទួល​គ្រិស្ត​សាសនិកជន​នាពេល​ខាង​មុខ​ឆាប់ៗ​នេះ​។

ព្រះវិហារ​អង់គ្លិនខិន សង់​នៅ​លើ​ដីឡូត៍​ធំ​មួយ ជាង​ ៧០០ ​ម៉ែត្រការ៉េ​នៅ​ផ្លូវ​លេខ​ ២៩៤ (​ខាង​ត្បូង​វត្ត​លង្កា​)​។ មេការ​សំណង់​នៅ​ទី​នោះ​បាន​ឲ្យ​ដឹង​ថា​អគារ​នេះ​មាន​ផ្ទៃ​បាត​ ១ ​ជាន់​ទំហំ​ ៤៣០ ​ម៉ែត្រការ៉េ និង​មាន​កម្ពស់​ ៧ ​ជាន់​សម្រាប់​ជា​វិហារ​សាសនា​គ្រិស្ត​ផង​ទីកន្លែង​ការិយាល័យ​ធ្វើការ​ផង និង​ទីកន្លែង​សម្រាប់​រៀបចំ​ពិធី​នានា​។ ម្ចាស់​គម្រោង​អគារ​នេះ​មកពី​ប្រទេស​សិង្ហបុរី ពួកគាត់​នឹង​ដឹក​ជញ្ជូន​សម្ភារ​ចូល​មក​កាន់​ទី​នេះ​នៅ​ថ្ងៃ​ទី​ ១ ខែ​មិថុនា​ឆ្នាំ​​ ២០១៨ ខាង​មុខ​នេះ​៕ ខ្លឹមសារ និង​រូបថត មឿន ញាណ

ស្ពានដែក​បាឡេ​ឆ្លង​ទន្លេសាប​បើក​ដំណើរការ

ស្ពាន​បាឡេ​ថ្មី​ ១ ឆ្លងកាត់​ទន្លេសាប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥ នៃ​ខណ្ឌ​ឫស្សីកែវ​ទៅ​ខណ្ឌ​ជ្រោយចង្វារ​ត្រូវ​បាន​បើក​ដំណើរ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​ឧសភា​នេះ​។ ស្ពាន​ដែល​មាន​ប្រវែង​ប្រហែល​ ៥០០ ​ម៉ែត្រ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ដែល​កើតឡើង​បន្ទាប់ពី​ការបិទ​ស្ពាន​ជ្រោយចង្វារ​ទី​ ១​។ តាម​ផែនការ​ស្ពាន​ជ្រោយចង្វារ​ទី​ ១ នឹង​បើក​ដំណើរការ​ឡើង​វិញ​ក្នុង​ឆ្នាំ ​២០១៩​។

ការពង្រីក​ផ្លូវជាតិ​លេខ​ ៣ ចាប់ផ្តើម​ដំណើរការ

ផ្លូវជាតិ​លេខ​ ៣ ជា​ផ្លូវ​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏មាន​សក្តានុពល​របស់​កម្ពុជា ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពត តាកែវ កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។ ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ​ ៣ ដែល​មាន​ប្រវែង​ ១៣៤ ​គីឡូម៉ែត្រ​នេះ​នឹង​ត្រូវ​ប្រើ​ពេល​ ៤៨ ​ខែ​។ ផ្លូវ​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation របស់​ប្រទេស​ចិន​។

ព្រលានយន្តហោះ​ថ្មី​នឹង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​ ២០២៥

ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង​តាខ្មៅ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២៥ ខាង​មុខ​។ គម្រោង​នេះ​នឹង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Cambodia Airport Investment Co. Ltd ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក Overseas Cambodia Investment Corporation (OCIC) ជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។ អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន​ ២៦០០ ​ហិកតា​។

ការិយាល័យ​រួម​ធំ​ជាង​គេ​បើក​ជា​ផ្លូវការ

Factory Phnom Penh ដែល​ជា​ការិយាល័យ​រួម​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​។ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌមានជ័យ​ចម្ងាយ​ប្រហែល​ ១ ​គីឡូម៉ែត្រ​ខាង​ត្បូង​ស្ពាន​ព្រះមុនីវង្ស អគារ​នេះ​មាន​ផ្ទៃដី​ ៣.៤ ​ហិកតា​ដែល​ធ្វើឲ្យ​វា​មាន​ទំហំ​ធំធេង​ជាង​ការិយាល័យ​រួម​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។ Factory Phnom Penh មាន​ប្រភព​ពី​រោងចក្រ​កាត់ដេរ​ចាស់​ដែល​ក្រោយ​មក​ត្រូវ​បាន​កែលម្អ និង​បាន​ក្លាយ​ជា​ការិយាល័យ​រួម​ថ្មី​បំផុត នៅ​កម្ពុជា​៕

Source From : Phnom Penh Post

 

 
អ្នកនាង ប៉េងទី សៅបូរីណា​។ ហុង មិនា

អចលនទ្រព្យ និង​សំណង់​ជា​វិស័យ​មួយ​ដែល​កំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​តម្រូវការ​បុគ្គលិក​សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​កើនឡើង​ជា​លំដាប់​។ កាលពី​ពេល​ថ្មីៗ​នេះ​អ្នក​យក​ព័ត៌មាន​នៃ​ប៉ុស្តិ៍​អចលនទ្រព្យ​បាន​ជួប​សម្ភាសន៍​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក (HR Agency) ចំនួន​ ២ ​ដើម្បី​បង្ហាញ​ពី​ទស្សនៈ​របស់​ពួកគេ​ពី​តម្រូវការ​បុគ្គលិក​ក្នុង​វិស័យ​នេះ​។

អ្នកនាង ប៉េងទី សៅបូរីណា ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន Phnom List ដែល​ជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ជ្រើសរើស​បុគ្គលិក​ដ៏ចំណាស់​មួយ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​តម្រូវការ​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​កំពុង​មាន​សម្ទុះ​យ៉ាង​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ក្រុមហ៊ុន Phnom List បាន​សង្កេត​ឃើញ​ថា​មាន​តម្រូវការ​កើនឡើង​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​ការប្រកាស​ជ្រើសរើស​បុគ្គលិក​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណេត (Job Posting) ដូចជា បុគ្គលិក​ផ្នែក​លក់​វិស្វករ បុគ្គលិក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​អ្នកគ្រប់គ្រង​អគារ​ជាដើម​។

អ្នក​នាង​បាន​ថ្លែង​ថា៖ «​ខ្ញុំ​ជឿ​ថា​ក្រុមហ៊ុន HR Agency ផ្សេងៗ​ទៀត​ក៏​មាន​ការកើនឡើង​ខ្លាំង​ពី​តម្រូវការ​ធនធាន​មនុស្ស​ដែល​បម្រើ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​សំណង់​ដែរ​»​។

បើ​តាម​អ្នកនាង សៅ បូរីណា មាន​តម្រូវការ​ការងារ​កើនឡើង​យ៉ាង​ខ្លាំង ជាពិសេស​ចេញ​ពី​ក្រុមហ៊ុន​អភិវឌ្ឍ​ខុនដូ និង​ក្រុមហ៊ុន​សំណង់​។

អ្នកនាង សៅ បូរីណា បាន​បន្ថែម​ថា៖ «​ក្រុមហ៊ុន Phnom List បាន​បម្រើការ​ជ្រើសរើស​បុគ្គលិក​ជាច្រើន​តំណែង​ដូចជា ស្ថាបត្យករ វិស្វករ​សំណង់​ស៊ីវិល បុគ្គលិក​ផ្នែក​លក់ និង​ជួល និង​ប្រធាន​គ្រប់គ្រង​អគារ​ជាដើម​»​។

បើ​តាម​អ្នកនាង សៅ បូរីណា ប្រាក់​ខែ​គោល​ក្នុង​មុខ​តំណែង​ជា​ប្រធាន​គ្រប់គ្រង​អគារ​ដែល​មាន​បទពិសោធ​ចាប់ពី​ ៣ ទៅ​ ៥ ​ឆ្នាំ​អាច​ទទួល​បាន​ចន្លោះ​ពី ​១៥០០ ​ដុល្លារ​ទៅ​ ៣០០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​សម្រាប់​ជនបរទេស និង​សម្រាប់​ជនជាតិ​ខែ្មរ​អាច​ទទួល​បាន​ប្រហែល​ ២០០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។ ចំណែក​បុគ្គលិក​ផ្នែក Quantity Surveyor (QS) អាច​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​ពី​ ២៥០ ទៅ​ ៧០០ ​ដុល្លារ​ដោយ​អាស្រ័យ​លើ​ជំនាញ និង​បទពិសោធ​។ ប្រាក់ខែ​សម្រាប់​ប្រធាន​ផ្នែក​សាងសង់ និង​ប្រធាន​គម្រោង​សាងសង់​អាច​ទទួល​បាន​ ១៥០០ ​ដុល្លារ​ទៅ​​ ២៥០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​ខណៈ​ប្រាក់ខែ​សម្រាប់​និស្សិត​ផ្នែក​ខាង​វិស្វករ​ដែល​ទើប​បញ្ចប់​ការសិក្សា​អាច​ទទួល​បាន​ប្រហែល​ ៣៣៥ ​ដុល្លារ​។

អ្នកនាង សាម សុភា ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Top Recruitment ដែលជា​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​អន្តរជាតិ​ដ៏ធំ​មួយ​បាន​បញ្ជាក់​ថា កំណើន​ការងារ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ពិតជា​មាន​ការ​កើនឡើង​ខ្ពស់​បើ​ធៀប​ទៅ​នឹង​វិស័យ​ផ្សេងៗ​ទៀត​។

បន្ទាប់ពី​គម្រោង​មួយ​បាន​បញ្ចប់​នឹង​មាន​តម្រូវការ​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដូចជា អ្នក​ជំនាញ​ខាង​ផ្នែក​គ្រប់គ្រង​អគារ ក្រុម​ជួសជុល និង​ថែរក្សា​អគារ អ្នក​បោសសម្អាត សន្តិសុខ និង​ថែរក្សា​សណ្តាប់ធ្នាប់​។

អ្នកនាង សាម សុភា បាន​បន្ត​ទៀត​ថា​ក្រុមហ៊ុន​អចលនទ្រព្យ​ភាគច្រើន​កំពុង​ត្រូវការ​ស្វែងរក​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​មុខ​តំណែង​ដូចជា ប្រធាន​ផ្នែក​ជួល​អចលនទ្រព្យ ប្រធាន​គ្រប់គ្រង​លំនៅឋាន ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ និង​ប្រតិបត្តិករ​ទីផ្សារ ជាដើម​។

អ្នកនាង​បាន​ប្រាប់​ទៀត​ថា​កំណើន​ការងារ​ក្នុង​វិស័យ​ទាំង​ ២ ​នេះ​មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ការកើនឡើង​នេះ​នឹង​កាន់តែ​មាន​ភាព​ផុសផុល​បន្ថែម​ទៀត​នាពេល​ខាង​អនាគត​៕

ណុប សុវណ្ណ

Source From : Phnom Penh Post

 

 
គណៈអធិបតី​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​កាត់​ខ្សែបូ​បើក​ការដ្ឋាន​សាងសង់​គម្រោង The Palm កាលពី​ថ្ងៃ​ម្សិលមិញ​។ មឿន ញាណ

The Palm ដែលជា​គម្រោង​ទី​ ៣ របស់​ក្រុមហ៊ុន Oxley Worldbridge បាន​បើក​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ស្ថិត​នៅ​លើ​ដី​ទំហំ​ជាង​ ៣,៧ ​ហិកតា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ក្នុង​សង្កាត់​ច្បារអំពៅ The Palm មាន​ផ្ទះ​ជាង​ ២០០ ​ខ្នង​។ The Palm នឹង​ក្លាយ​ជា​គម្រោង​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ផ្ដល់​ជូន​នូវ​គំនិត​ថ្មី​នៃ​ការ​រចនា​ឆ្នេរ​បែប​សិប្បនិម្មិត និង​ផ្តោតលើ​បរិស្ថាន​។

លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​គម្រោង​នេះ​បាន​មាន​ប្រសាសន៍​ថា​៖ «The Palm នឹង​ជួយ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​។ បច្ចុប្បន្ន​មាន​គម្រោង​លំនៅឋាន​បុរី​ចំនួន​ ១៨៩ ​កន្លែង​រួម​ទាំង ​The Palm ​ដែល​បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​នេះ​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ថា​នៅ​ឆ្នាំ​ ២០១៧ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​ ៦,៤ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ២១ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​មាន​តម្លៃ​ជាង​ ៥,៥ ​ពាន់​លាន​ដុល្លារ​។ ប្រការ​នេះ​បាន​រួម​ចំណែក​បង្កើត​ការងារ​បាន​ចំនួន​ ២៦០០០០ ​កន្លែង​សម្រាប់​ប្រជាជន​ក្នុង​ប្រទេស​។

លោក​ឧកញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមហ៊ុន Worldbridge Group មាន ប្រសាសន៍​ថា៖ «​ការចាប់ផ្តើម​គម្រោង​ទី​ ៣ របស់​យើង​គឺជា​ភាពជោគជ័យ និង​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា កម្ពុជា​រក្សា​ទំនាក់ទំនង​ល្អ​រវាង​វិនិយោគិន​ជាតិ និង​អន្តរជាតិ​លើ​ឧស្សាហកម្ម​សំណង់​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ផ្នែក​ ១ ​នៅក្នុង​ចំណោម​វិស័យ​ធំៗ​ទាំង​ ៤ ​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​»​។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា៖ «The Palm គឺជា​ការបណ្តាក់ទុន​រួម​គ្នា​រវាង Oxley Holding Limited និង Worldbridge Land​។ គម្រោង​នេះ​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន Oxley-Emerald (​ខេមបូឌា​) ដើម្បី​អភិវឌ្ឍ​ជាមួយ​នឹង​ដើមទុន​វិនិយោគ​សរុប​ចំនួន​ ១០០ ​លាន​ដុល្លារ​»​។

The Palm គឺជា​ទីផ្សារ​ដ៏ទាក់ទាញ​បំផុត​សម្រាប់​អតិថិជន​ក្នុង​ស្រុក និង​អន្តរជាតិ ដែល​មាន​ទំនុកចិត្ត​លើ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ចំណុច​សំខាន់​គឺថា The Palm អាច​ជួយ​លើក​កម្ពស់​សោភ័ណភាព​សំណង់​នៅ​តំបន់​ច្បារអំពៅ ហើយ​អ្នក​អភិវឌ្ឍន៍​នឹង​ធ្វើការ​ជាមួយ​អ្នក​ម៉ៅការ​ដើម្បី​កសាង​គម្រោង​ដែល​ផ្តោត​លើ​សុវត្ថិភាព​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ដីធ្លី​ស្តីពី «​សុវត្ថិភាព​នៅក្នុង​ការដ្ឋាន​សំណង់​» ។ នេះ​បើ​យោង​តាម​លោក​ឧកញ៉ា សៀ ឬទ្ធី​។

The Palm នឹង​រចនា​ឡើង​ដោយ​ផ្តោត​ទៅ​លើ​បរិយាកាស​បែប​ធម្មជាតិ​ដែល​រួមមាន រមណីយដ្ឋាន​មាត់​ទន្លេ​សួនច្បារ និង​ដើមត្នោត​រាប់រយ​ដើម​។

លោក Ching Chiat Kwong អ្នក​តំណាង​ក្រុមហ៊ុន Oxley Holding Limited បាន​និយាយ​ថា៖ «​យើង​មាន​បំណង​នាំ​យក​គំនិត​ថ្មីៗ​ពី​សិង្ហបុរី​មក​កាន់​ប្រទេស​កម្ពុជា​តាមរយៈ​ការកសាង​គម្រោង​ ១ ​ដែល​ផ្តោត​លើ​បរិស្ថាន​ធម្មជាតិ និង​មាន​ដើមត្នោត​រាប់រយ​ដើម​ត្រូវ​បាន​ដាំ​នៅ​ទី​នោះ​»​។
លើស​ពី​នេះ​ទៅ​ទៀត The Palm មាន​សេវាកម្ម​ជាច្រើន​រួមទាំង​ឆ្នេរ​សិប្បនិម្មិត​នៅ​តាម​មាត់ទន្លេ​ដែល​នឹង​ធ្វើឱ្យ​អតិថិជន​មាន​មោទនភាព​ចំពោះ​លំនៅឋាន​របស់​ពួកគាត់​។

ក្នុង​ឱកាស​នោះ​លោក ជា សុផារ៉ា ក៏​បាន​ស្នើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដទៃ​ទៀត​នៅ​កម្ពុជា​ចូលរួម​ជួយ​ការពារ​បរិស្ថាន​ដែល​មាន​ន័យថា​ពួកគេ​មិន​គួរ​បោះចោល​កាកសំណល់​ដោយ​គ្មាន​ការទទួល​ខុសត្រូវ​នៅក្នុង​ទន្លេ​នោះ​ទេ​។

The Palm គឺជា​គម្រោង​ទី​ ៣ ដែល​ត្រូវ​បាន​បង្កើតឡើង​ពី​ការសហការ​រវាង​ក្រុមហ៊ុន​ទាំង​ ២ បន្ទាប់ពី​គម្រោង The Peak និង The Bridge​។ ផ្ទះ​នៅ​ក្នុង​គម្រោង The Palm មាន​តម្លៃ​ចាប់ពី​ ៣៥០០០០ ​ដុល្លារ​ឡើង​ទៅ​។

លោក​ឧកញ៉ា ឬទ្ធី បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​នេះ​ថា៖ «​ផ្ទះ​ជាង​ ២០០ ​ខ្នង​នៅក្នុង​គម្រោង​របស់​យើង​នឹង​មិន​ពិបាក​លក់​នោះ​ទេ​។ អតិថិជន​របស់​យើង​នៅ​តែ​មាន​ទំនុក​ចិត្ត​រឹងមាំ​នៅក្នុង​គម្រោង​របស់​យើង​បន្ទាប់ពី​ភាព​ជោគជ័យ​របស់​គម្រោង​មុនៗ​របស់​យើង​»​។

អគ្គនាយក​ក្រុមហ៊ុន Key Real Estate លោក សន សៀប បាន​ប្រាប់​ថា​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​នេះ​ដោយ​លោក​ជឿ​ថា ទោះបី​ជា​តម្លៃ​ខ្ពស់​ក៏ដោយ ក៏​គម្រោង​នេះ​នឹង​ទទួល​បាន​នូវ​ភាពជោគជ័យ​។

លោក​បាន​ថ្លែង​ថា៖ «​គម្រោង​នេះ​នៅតែ​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​។ The Palm គឺជា​គម្រោង​តូច​ដែល​មាន​ផ្ទះ​តែ​ ២០០ ​ខ្នង​ប៉ុណ្ណោះ ដូច្នេះ​វា​នឹង​មិន​ពិបាក​ក្នុង​ការលក់​នោះ​ទេ​»៕

Source From : Phnom Penh Post

 

 
លោក យ៉ង់ ធារិទ្ធ អគ្គនាយក​ក្រុមហ៊ុន GBC Engineer

ទោះបី​ជា​ថ្ងៃ​បុណ្យ​ជាតិ​ហើយ​មាន​ដុំ​ពពក​ខ្មៅ​រក​ភ្លៀង​ក៏ដោយ​ក្តី លោក យ៉ង់ ធារិទ្ធ អគ្គនាយក​ក្រុមហ៊ុន GBC Engineer កំពុង​តែ​ជិះកង់​សំដៅ​ទៅ​ការិយាល័យ​របស់​លោក​ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​ ៣៣១ ក្នុង​សង្កាត់​បឹងកក់​ទី​ ២ ​ដើម្បី​បញ្ចប់​ការងារ​មួយ​ចំនួន ហើយ​ជាមួយ​គ្នា​នេះ​ក៏​ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ផង​ដែរ​។

សុខភាព គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​វិស្វករ​វ័យ​ ៣៤ ​ឆ្នាំ​រូប​នេះ ដែល​តាំង​តែ​ពី​វ័យ​កុមារភាព​មក​រូប​គេ​តែងតែ​សុបិន​ចង់​ធ្វើ​ជា​វេជ្ជបណ្ឌិត​មួយ​រូប​នៅ​ពេល​ធំ​ពេញវ័យ​។ បើ​ទោះ​ជា​ក្តីសុបិន​នោះ​មិន​ត្រូវ​បាន​បំពេញ​ក្តី​លោក ធារិទ្ធ ដែល​បាន​រួម​បង្កើត​ក្រុមហ៊ុន​វិស្វកម្ម​អន្តរជាតិ​កាលពី​ឆ្នាំ​មុន​ក៏​នៅតែ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា «​អ្នក​ព្យាបាល​» មិនមែន​ជំងឺ​មនុស្ស​នោះ​ទេ​គឺ​ជំងឺ​សំណង់​អគារ​។

លោក​ថ្លែង​ថា៖ «​បន្ទាប់ពី​ធ្វើការ​ក្នុង​វិស័យ​វិស្វកម្ម​សំណង់​អស់​ជាង ១០ ​ឆ្នាំ​ខ្ញុំ​អាច​និយាយ​ថា​ដូចជា​វេជ្ជបណ្ឌិត​ម្នាក់​ដែរ​ដោយ​វិស្វករ​ត្រូវ​អតិថិជន​ស្វែងរក​នៅពេល​មាន​បញ្ហា​អ្វី​មួយ​កើតឡើង​។ វិស្វករ​មិន​ត្រឹម​តែ​ព្យាបាល​អគារ​នោះ​ទេ តែ​ថែម​ទាំង​ជា​អ្នក​កំណត់​វាសនា​អគារ​ថែម​ទៀត​ផង​»​។

ជា​កូនប្រុស​ទី​ ៣ មកពី​គ្រួសារ​កសិករ​ក្រីក្រ​ ១ ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​លោក ធារិទ្ធ តែងតែ​មាន​ទម្លាប់​ខិតខំ​ប្រឹងប្រែង​លើ​គ្រប់​កិច្ចការងារ​។ ទោះបី​ជា​ឪពុកម្តាយ​របស់​លោក​ពុំ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ក៏ដោយ​លោក​ទាំង​ ២ តែង​លើក​ទឹកចិត្ត និង​ផ្គត់ផ្គង់​ឲ្យ​កូន​បាន​រៀនសូត្រ​។ សុបិន​របស់​ពួកគាត់ គឺ​ចង់​ឃើញ​កូនប្រុស​នេះ​ពាក់អាវ​ពេទ្យ ពិនិត្យ​អាការៈ​អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យ​។

លោក ធារិទ្ធ បាន​រំឭក​ថា៖ «​គួរ​ឲ្យ​សោកស្តាយ ខ្ញុំ​ប្រឡង​ចូល​សាលាពេទ្យ​មិន​ជាប់​ឡើយ​ក្រោយ​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​ ២០០១​។ ខ្ញុំ​បាន​ត្រឹម​ជាប់​ចូល​រៀន​ថ្នាក់​បច្ចេកទេស​រយៈពេល ៣ ​ឆ្នាំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​តិចណូ​)»​។

ខក​ចិត្ត​ប៉ុន្តែ​មិន​អស់​សង្ឃឹម​លោក​បាន​ប្តេជ្ញា​ចូលរៀន​នៅ​មហាវិទ្យាល័យ​វិស្វកម្ម​ដោយ​បាន​ក្លាយ​ជា​សិស្ស​ឆ្នើម​ក្នុង​ការសិក្សា បើ​ទោះបី​ជា​លោក​មិន​ដែល​មាន​ក្តីស្រមៃ​ក្លាយ​ជា​វិស្វករ​ពី​មុន​មក​ក៏ដោយ​។ នៅ​ពេល​កំពុង​សិក្សា​នេះហើយ​ដែល​ធ្វើ​ឱ្យ​លោក​ស្រឡាញ់​ផ្នែក​វិស្វកម្ម ជាពិសេស​វិស្វកម្ម​រចនា​។

លោក​និយាយ​ថា៖ «​ខ្ញុំ​តែងតែ​ស្រឡាញ់​មុខវិជ្ជា​គណិតវិទ្យា​តាំងពី​នៅ​រៀន​នៅ​សាលា​ចំណេះដឹង​ទូទៅ ប៉ុន្តែ​វិស្វកម្ម​គឺ​មិនមែន​ត្រឹម​តែ​ដោះស្រាយ​លំហាត់​ប៉ុណ្ណោះ​ទេ តែ​វា​គឺជា​ការងារ​ជាក់ស្តែង និង​បច្ចេកទេស​ក៏ដូចជា​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នានា​ជា​អ្វី​ដែល​ខ្ញុំ​ពិតជា​ស្រឡាញ់​»​។

នៅ​ពេល​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​ ២០០៦ លោក ធារិទ្ធ បាន​ចំណាយពេល​ប្រហែល​កន្លះ​ឆ្នាំ​ធ្វើការ​ជា​វិស្វករ​នៅ​រោងចក្រ​ក្រដាស​ ១ ​កន្លែង​នៅ​ក្រុង​ព្រះសីហនុ ហើយ​កន្លះ​ឆ្នាំ​ទៀត​នៅ​ក្រុមហ៊ុន​វិស្វកម្ម ILI Consulting Engineering ដែល​ជា​ក្រុមហ៊ុន​របស់​អាល្លឺម៉ង់​។ នៅ​ឆ្នាំ​ ២០០៧ លោក​បាន​ទទួល​អាហារូបករណ៍​ពី​សាកល​វិទ្យាល័យ GadjahMada នៅ​ទីក្រុង Yoyakarta ប្រទេស​ឥណ្ឌូនេស៊ី​។

បន្ទាប់ពី​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​នៅ​ឆ្នាំ​ ២០០៩ ​លោក ធារិទ្ធ ដែល​ពេល​នោះ​មាន​អាយុ​ ២៥ ​ឆ្នាំ​បាន​ត្រឡប់​មក​មាតុប្រទេស​វិញ ហើយ​បាន​បន្ត​ធ្វើការ​ឱ្យ​ក្រុមហ៊ុន ILI​។ ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន លោក​បាន​ធ្វើការ​លើ​គម្រោង​ធំៗ​ជាច្រើន ពិសេស​អគារ​ទីស្នាក់ការ​ធនាគារ​អេស៊ីលីដា​នៅ​រាជធានី​ភ្នំពេញ​។

ទោះបី​ជា​មាន​ជោគជ័យ​ទី​នោះ​ខ្លាំង​យ៉ាង​ណា​ក្តី​នៅ​ឆ្នាំ​ ២០១៥ លោក ធារិទ្ធិ បាន​លាលែង​ពី​តំណែង​របស់​គាត់​ដើម្បី​បង្កើត​ក្រុមហ៊ុន​ ១ ​ជាមួយ​សហសេវិក​ជនជាតិ​អាល្លឺម៉ង​ ២ ​រូប​។ ការផ្លាស់ប្តូរ​ដ៏ធំ​ធ្វើ​ឱ្យ​គាត់​មាន​ក្តីបារម្ភ​ខ្លះ ប៉ុន្តែ​ក៏​គួរឱ្យ​រំភើប​ផង​ដែរ​។

លោក​បាន​និយាយ​ថា៖ «​វា​ជា​ហានិភ័យ​ដ៏ធំ​មួយ​ដោយសារ​ប្រើប្រាស់​ប្រាក់​សន្សំ​របស់​ខ្ញុំ​ដើម្បី​បង្កើត​ក្រុមហ៊ុន ក៏​ប៉ុន្តែ​ការ​បន្ត​ធ្វើការ​ឱ្យ​គេ មិន​អាច​ឲ្យ​យើង​មើល​ឃើញ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ​ទេ​»​។

លោក​បាន​បន្ថែម​ថា៖ «​ម្យ៉ាង​ទៀត​ក្នុង​អាយុ​ជាង​ ៣០ ​ឆ្នាំ​ខ្ញុំ​បាន​រៀបការ​មាន​គ្រួសារ​ហើយ​។ ខ្ញុំ​ពិត​ជា​ត្រូវការ​អ្វី​មួយ​ជា​របស់​ខ្លួន​ផ្ទាល់​សម្រាប់​គ្រួសារ​ខ្ញុំ មុន​ពេល​ដែល​វា​យឺត​ពេល​សម្រាប់​ខ្ញុំ​ក្នុង​ការ​ធ្វើ​អ្វី​ទាំងអស់​»​។

ដោយ​មាន​ការិយាល័យ​កណ្តាល​នៅ​រដ្ឋធានី​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ក្រុមហ៊ុន GBC មាន​ការិយាល័យ​ក្រៅ​ប្រទេស​នៅ​កម្ពុជា និង​វៀតណាម​។ ក្នុង​ការិយាល័យ​របស់ GBC នៅ​រាជធានី​ភ្នំពេញ​មាន​បុគ្គលិក​ជាង​ ៣០ ​នាក់​ដែល​ភាគច្រើន​ជា​វិស្វករ​មាន​ទាំង​ជនជាតិ ខ្មែរ និង​អាល្លឺម៉ង់​កំពុង​ធ្វើការ​លើ​សេវាកម្ម​វិស្វកម្ម​ដូចជា ការត្រួតពិនិត្យ​សំណង់​ការប្រឹក្សា​ផ្នែក​វិស្វកម្ម និង​ការវាយតម្លៃ​អគារ​ជាដើម​។ ទោះ​យ៉ាង​ណា​លោក ធារិទ្ធ និយាយ​ថា​លោក​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​មេដឹកនាំ​ជនជាតិ​ខ្មែរ​ក្នុង​ក្រុមហ៊ុន​វិស្វកម្ម​អន្ដរជាតិ​មួយ​ដែល​ជា​រឿង​កម្រ​មាន​ណាស់​នៅ​ក្នុង​ប្រទេស​យើង​។

លោក​អះអាង​ថា៖ «​វិនិយោគិន​ជាច្រើន​រំពឹង​ថា​នឹង​ទទួល​បាន​តម្លៃ និង គុណភាព​ទាប​ពី​វិស្វករ និង​អ្នក​រចនា​ក្នុង​ស្រុក ទោះបី​ជា​ពួកគេ​មាន​ប្រវត្តិ​សិក្សា និង​បទពិសោធ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ដៃគូ​បរទេស​ក៏ដោយ​»​។

«​ខ្ញុំ​ជឿ​ថា​នេះ​ជា​ឧបសគ្គ​ដ៏ធំ​ ១ ​សម្រាប់​សិស្ស​ដែល​សិក្សា​ជំនាញ​វិស្វកម្ម​ក្នុង​ស្រុក បើ​ទោះបី​ជា​វិស័យ​សាងសង់​របស់​ប្រទេស​កំពុង​រីកចម្រើន​ក៏ដោយ​។ បេសកកម្ម​របស់​ខ្ញុំ​គឺ​ផ្លាស់ប្តូរ​វា​ដោយ​ការបង្កើន​ជំនាញ និង​គុណភាព​ការងារ​របស់​បុគ្គលិក​ខ្មែរ​របស់​ខ្ញុំ​»​។

ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​មក​នេះ​ក្រុមហ៊ុន GBC Cambodia បាន​ទទួល​គម្រោង​ធំៗ​ជាច្រើន​រួម​ទាំង​គម្រោង​រចនា​ម៉ូដ​ស៊ីវិល និង​រចនាសម្ព័ន្ធ​នៃ​អគារ Mercedes-Benz Autohaus និង​អគារ Diamond Apartment កម្ពស់​ ២១ ​ជាន់​។ គម្រោង​ធំ​បំផុត​របស់​ក្រុមហ៊ុន​គិត​មក​ត្រឹម​ថ្ងៃ​នេះ​គឺ​អគារ​កម្ពស់​ ៩ ​ជាន់​របស់ Novotel Hotel Palace ដែល​មាន​ទំហំ​ ១៦៦00 ម៉ែត្រការ៉េ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ការសាងសង់​អាច​នឹង​ចាប់ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០១៨ នេះ​។

យោង​តាម​លោក ធារិទ្ធ មូលហេតុ​ចម្បង​នៃ​ភាព​ជោគជ័យ​នេះ​គឺជា​អាទិភាព​របស់​លោក​ចំពោះ​សុវត្ថិភាព​នៃ​អគារ​ដោយ​ផ្តោត​លើ​ការកាត់បន្ថយ​គ្រោះថ្នាក់ ឬ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ដោយ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ស្តង់ដារ​អឺរ៉ុប​។

លោក ធារិទ្ធ ថ្លែង​ថា៖ «​អ្នកវិនិយោគ និង​វិស្វករ​ជាច្រើន​នៅ​កម្ពុជា​អាច​ផ្តោត​តែ​ទៅលើ​ភាព​ស្រស់ស្អាត​របស់​អគារ ប៉ុន្តែ​គោលការណ៍​របស់​យើង​ស្ថិត​នៅ​លើ​អគារ​សុវត្ថិភាព​ ១00 ​ភាគរយ​។ យើង​នឹង​មិន​លះបង់​សុវត្ថិភាព​ដើម្បី​កត្តា​អ្វី​ផ្សេង​នោះ​ទេ ហើយ​យើង​ប្រយ័ត្ន​មែនទែន​ចំពោះ​មេគុណ​សុវត្ថិភាព​ជា​ឧទាហរណ៍ មាន​មេគុណ​សុវត្ថិភាព​នៃ​ដែកថែប​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​សំណង់​ជាដើម​»​។

ទន្ទឹម​នឹង​នេះ​ដែរ​លោក ធារិទ្ធ និយាយ​ថា​លោក​តែងតែ​ធ្វើឱ្យ​ប្រាកដ​ថា​ការ​រចនា​ម៉ូដ​ចេញ​ពី​ក្រុមហ៊ុន​របស់​លោក​ត្រូវ​គ្នា​នឹង​កម្លាំង​ពលកម្ម​ក៏​ដូចជា​លទ្ធភាព​ការងារ​របស់​កម្មករ​នៅ​ការដ្ឋាន​សាងសង់​។

លោក​និយាយ​ថា៖ «​ទាំង​យើង និង អ្នក​វិនិយោគ​មិន​ចង់​ឱ្យ​អគារ​ដួលរលំ​បន្ទាប់ពី​សាងសង់​បាន​ ២-៣ ​ឆ្នាំ ឬ​គ្រោះថ្នាក់​ណា​មួយ​នៅ​កន្លែង​សាងសង់​នោះ​ទេ ហើយ​យើង​ត្រូវការ​សម្ភារ និង​ធនធាន​មនុស្ស​ដែល​មាន​គុណភាព​ខ្ពស់​ដើម្បី​កុំ​ឲ្យ​រឿង​នេះ​កើតឡើង​។ ដូច្នេះ​ថ្លៃ​សេវា​របស់​យើង​អាច​ខ្ពស់ ប៉ុន្តែ​វិនិយោគិន​នឹង​ទទួល​បាន​អ្វី​ដែល​ពួកគេ​ចង់​បាន​»៕

Source From : Phnom Penh Post

 

 
បច្ចុប្បន្ន​នេះ​មាន​អាផាតមិន និង​សំណង់​ធំៗ​ជាច្រើន​បាន​លេច​ឡើង​នៅក្នុង​សង្កាត់​ទួលទំពូង ។ រូបថត ហ៊ឹន ពិសី

បច្ចុប្បន្ន​នេះ​ចំនួន​អាផាតមិន​ដែល​ដាក់​ចូល​ទីផ្សារ​មិន​បាន​បញ្ឈប់​កំណើន​របស់​ខ្លួន​ទេ​នៅ​តំបន់​ទួលទំពូង និង​ផ្សារ​ដើមថ្កូវ ខណៈ​ទីតាំង​ទាំង​នេះ​ត្រូវ​គេ​ដឹងថា ទទួល​ឥទ្ធិពល​ពី​តំបន់​បឹងកេងកង​ ១ និង​ទន្លេ​បាសាក់​។ ការកើនឡើង​នេះ​ក៏​បាន​ធ្វើឲ្យ​ម្ចាស់​អាផាតមិន​មួយ​ចំនួន​សម្រេច​ទម្លាក់​តម្លៃ​ខ្លះ ដើម្បី​ទាក់ទាញ​អតិថិជន​ផង​ដែរ​។

អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី កាលពី​ពេល​ថ្មីៗ​នេះ​និយាយ​ថា ការផ្គត់ផ្គង់​អាផាតមិន​នៅ​ក្នុង​សង្កាត់​ទួលទំពូង និង​ផ្សារ​ដើមថ្កូវ​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់​ហើយ​អាច​នឹង​ឈាន​ទៅ​លើស​តម្រូវការ​ផង​ដែរ​នាពេល​ឆាប់ៗ​នេះ​។ លោក​បន្ត​ថា ការកើនឡើង​នៃ​ចំនួន​អាផាតមិន​ថ្មីៗ​នេះ​បាន​ធ្វើឲ្យ​អត្រា​ជួល និង​តម្លៃ​ធ្លាក់​ចុះ​ក្នុង​រង្វង់​ប្រមាណ​ ១០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ អាផាតមិន​ភាគច្រើន​នៅ​ទី​នោះ​គឺ​កម្រិត B​។

បច្ចុប្បន្ន​តម្លៃ​អាផាតមិន​ដែល​មាន​ ១ ​បន្ទប់​គេង​នៅ​តំបន់​នេះ​អាច​រក​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​ ៣៥០ ​ដល់​ ៧៥០ ​ដុល្លារ​ក្នុង​ ១ ​ខែ អាផាតមិន​មាន​ ២ ​បន្ទប់​គេង មាន​តម្លៃ​ចន្លោះ​ពី​ ៧៥០ ​ទៅ​ ១៥០០ ​ដុល្លារ និង​អាផាតមិន​មាន​ ៣ ​បន្ទប់​គេង មាន​តម្លៃ​ចន្លោះ​ពី​ ១៥០០ ​ដល់​ ២៥០០ ​ដុល្លារ​។ នេះ​បើ​តាម​លោក​ឧកញ៉ា នួន រិទ្ធី​។

លោក​បញ្ជាក់​ថា៖ «​ទោះ​ជា​ការប្រកួត​ប្រជែង​កើនឡើង និង​កំណើន​នៃ​ការសាងសង់​ក្តី ប៉ុន្តែ​ខ្ញុំ​មិន​មាន​ការព្រួយបារម្ភ​ពី​ទីផ្សារ​នេះ​ទេ ដោយសារ​កម្ពុជា​បាន​ភ្ជាប់​ខ្លួន​ជា​សមាជិក​អាស៊ាន និង​សហគមន៍​សេដ្ឋកិច្ច​ពិភពលោក​ដែល​ធ្វើឲ្យ​វិនិយោគិន​អន្តរជាតិ​កាន់តែ​ច្រើន​ចូល​មក​កម្ពុជា ហើយ​នៅពេល​នោះ​តម្រូវការ​អាផាតមិន​នឹង​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​»​។ លោក​ថា​៖ «​ទាល់តែ​មាន​ការ​ផ្គត់ផ្គង់​ទើប​មាន​តម្រូវការ ព្រោះ​បើ​យើង​រង់ចាំ​តម្រូវការ​ទើប​មាន​ការ​ផ្គត់ផ្គង់​នោះ​នឹង​កើត​មាន​បញ្ហា​»​។

លោក ឆេង គៀត ចៅសង្កាត់​ទួលទំពូង​ ១ នៃ​ខណ្ឌ​ចំការមន​បាន​និយាយ​ថា ក្នុង​សង្កាត់​របស់​លោក​មាន​អាផាតមិន​កំពុង​សាងសង់ និង​បញ្ចប់​ការសាងសង់​ជាង​ ២០ ​គម្រោង​ដែល​គម្រោង​ទាំងអស់​នោះ​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​។

អ្នក​វិនិយោគ​អាផាតមិន Phnom Penh Star ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​បឹងត្របែក​ជា​សង្កាត់​ស្ថិត​នៅ​ជាប់​សង្កាត់​ទួលទំពូង​ ១ បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ទីផ្សារ​អាផាតមិន​នៅក្នុង​សង្កាត់​បឹងត្របែក និង​ទួលទំពូង ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ដោយសារ​មាន​គម្រោង​ថ្មីៗ​បាន​កើនឡើង ដែល​ធ្វើឲ្យ​ម្ចាស់​អាផាតមិន​មួយ​ចំនួន​សម្រេច​ទម្លាក់​តម្លៃ​ជួល ដើម្បី​ចាប់​យក​អតិថិជន និង​រក្សា​អតិថិជន​ចាស់​របស់​ខ្លួន​។

លោក​អះអាង​ថា៖ «​អាផាតមិន​របស់​ខ្ញុំ​នាពេល​នេះ​បាន​បញ្ចុះ​តម្លៃ​បន្តិចបន្តួច និង​បាន​ពង្រឹង​ការផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​អតិថិជន ដើម្បី​អាច​ទាក់ទាញ​អតិថិជន​ថ្មីៗ​បន្ថែម​ទៀត​បាន​»​។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​ថ្លែង​ថា គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨ នេះ​មាន​អាផាតមិន​ចំនួន​ ១៤៨ ​គម្រោង​បាន​បញ្ចប់​ការសាងសង់ និង​ដាក់​ចូល​ទីផ្សារ​ក្នុង​ចំណោម​អាផាតមិន​សរុប​ចំនួន​ ៣៦៥ ​គម្រោង​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ថា យើង​ទទួល​ស្គាល់​ថា​ចំនួន​អាផាតមិន​បាន​កើនឡើង​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង និង​ផ្សារ​ដើមថ្កូវ​ដោយមាន​អត្រា​ប្រើប្រាស់​ជា​មធ្យម​ប្រមាណ​ ៧០ ​ភាគរយ​។

បើ​តាម​លោក សុខនីម តម្លៃ​អាផាតមិន​នៅ​តំបន់​ទួលទំពូង និង​បឹងកេងកង ​១ មាន​ភាព​ខុស​គ្នា​ពី​ ២០ ​ទៅ​ ៣០ ​ភាគរយ​។

លោក​បន្ត​ថា៖ “​ទោះ​ជា​តម្លៃ​ខុស​គ្នា​ក្តី តែ​តំបន់​បឹងកេងកង​ ១ នៅ​តែ​មាន​ភាពទាក់ទាញ​ជាង ដោយសារ​តំបន់​នេះ​ជា​តំបន់​ពេញនិយម​របស់​ជនបរទេស ជា​តំបន់​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​មាន​សេវាកម្ម​ចម្រុះ​»​។ លោក​បន្តថា ៖ «​តំបន់​ទួលទំពូង ផ្សារ​ដើមថ្កូវ​មិន​ទាន់​មាន​សេវាកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​ដូច​តំបន់​បឹងកេងកង​នោះ​ទេ​»៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Prey Sar,Dangkao
USD 190.00/SQM
Land For Sale
Preaek Hour,Takmoa
USD 265,000.00
Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00

CVEA MEMBERS